ចែករំលែក

តាមការស្រាវជ្រាវបែបវេជ្ជសាស្រ្តបង្ហាញថា ពេលវេលាមករដូវរបស់ស្រ្តី គឺមានការពាក់ព័ន្ធទៅនឹងជំងឺមហារីកសុដន់។ ស្រ្តីមានរដូវលើកដំបូងមុនអាយុ១៣ឆ្នាំ អាចប្រឈមនឹងជំងឺ មហារីកខ្ពស់ជាង២ដងបើប្រៀបធៀបទៅនឹងស្រ្តីដែលមានរដូវក្រោយអាយុ១៣ឆ្នាំ ឬលើសពីនេះ ។ ចំណែកអាយុអស់រដូវរបស់ស្ត្រីក៏ពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ដូចគ្នាដែរ គឺស្រ្តីដែលក្រអស់រដូវនៅក្រោយអាយុ ៥៥ឆ្នាំ មានការប្រឈមខ្ពស់ជាង២ដងបើប្រៀធៀបស្រ្តីដែលអស់រដូវមុនអាយុ៤៥ឆ្នាំ ។

វេជ្ជបណ្ឌិតឯកទេសខាងរោគស្រ្តីបានពន្យល់ប្រាប់ថា ស្ត្រីមករដូវមុនអាយុ១៣ឆ្នាំ ងាយប្រឈមនឹងជំងឺមហារីកសុដន់។ លោកបញ្ជាក់ទៀតថា ហេតុផលដែលនាំឲ្យស្រ្តីងាយនឹងកើតជំងឺមហារីកសុដន់បែបនេះ ដោយសារតែនៅក្នុងខ្លួនស្រ្តីម្នាក់មាន អឺសដ្រូសែន និង ប្រូសេសស្តេរ៉ូន កាលណាស្រ្តីទទួលនូវឥទ្ធិពលអឺសដ្រូសែននេះយូរខ្លាំងពេកស្រ្តីនឹងប្រឈមជំងឺមហារីកសុដន់ទៅថ្ងៃក្រោយ ។ ចំពោះវិធីក្នុងការទប់ស្កាត់ កុំឲ្យស្រ្តីឆាប់មករដូវពេកនោះ លោកបានបន្ថែមទៀតថា គ្មានវិធីសាស្រ្តបញ្ចៀសពីបញ្ហានេះបានឡើយព្រោះធម្មជាតិស្រ្តីត្រូវតែមករដូវ។

ប៉ុន្តែមានចំណុចមួយចំនួនទៀតដែលអាចជួយដល់ស្រ្តីដែលក្រអស់រដូវបាន ដូចជា ស្រ្តីត្រូវចៀសវាង នូវការប្រើប្រភេទថ្នាំដែលមានជាតិ អឺសដ្រូសែន នៅពេលដែល ស្រ្តីអស់រដូវហើយចង់បន្តឲ្យមានរដូវទៀត ព្រោះវាជាកត្តាមួយប្រឈមចំពោះជំងឺមហារីកសុដន់ ។ លើសពីនោះទៀតស្រ្តីដែល ក្រអស់រដូវ ត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ដែលមានជំនាញខាងរោគស្រ្តី ម្យ៉ាងទៀតស្រ្តីដែលឆាប់មករដូវ ត្រូវតែគោរពទៅតាមវេជ្ជបញ្ជា ដូចជាស្រ្តី ត្រូវស្ទាបសុដន់ដោយខ្លួនឯង ដើម្បីដឹងក្នុងសុដន់នោះមានដុំរឹងដែរឬទេ? ត្រូវទៅថតសុដន់យ៉ាងតិចណាស់ឲ្យបានមួយឆ្នាំម្ដង តាមកម្មវិធីដែលវេជ្ជបណ្ឌិតបានកំណត់ទុក៕

ប្រភព៖ iknow