ចែករំលែក

តើអ្នកធ្លាប់ឆ្ងល់ទេថា តើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកទ្រាំយូរមិនចូលបន្ទប់ទឹក នៅពេលឈឺបត់ជើងតូច? ជាការល្អ អ្នកមិនគួរទ្រាំឡើយ ពោលគឺអ្នកគួរតែទៅបន្ទប់ទឹកដើម្បីបត់ជើង ព្រោះថាការទ្រាំយូរនៅពេលឈឺបត់ជើង គ្មានផលល្អអ្វីចំពោះអ្នកឡើយ គឺមានតែផលអាក្រក់ប៉ុណ្ណោះ។

ការបត់ជើងតូច គឺជាវិធីមួយដែលរាងកាយមនុស្សធ្វើឡើង ដើម្បីបញ្ចេញជាតិទឹកដែលមានច្រើនលើសកំណត់ និងកាកសំណល់ផ្សេងៗ។
ខាងក្រោមនេះ គឺជាមូលហេតុដែលអ្នកមិនគួរទ្រាំយូរនៅពេលឈឺបត់ជើងតូច៖

ក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រងនោម គឺជាការបង្កើតឡើងនៃខនិជរឹងនៅក្នុងតម្រងនោម ឬប្រព័ន្ធបង្ហូរទឹកនោម។ ការទ្រាំយូរនៅពេលឈឺបត់ជើងតូច អាចបង្កឲ្យមានជាតិពុល និងសារធាតុខនិជ កើនឡើង និង ឡើងក្រាមលើសកំណត់ បង្កើតទៅជាក្រួស។ ពេលដែលក្រួសទាំងនោះមានទំហំតូច វាអាចចេញពីតម្រងនោមដោយគ្មានការឈឺចាប់ ប៉ុន្តែនៅពេលក្រួសទាំងនោះមានទំហំធំ វាអាចនឹងធ្វើឲ្យស្ទះលំហូរទឹកនោម ដែលបណ្ដាលឲ្យកើតមានរោគសញ្ញាឈឺចាប់ធ្ងន់ធ្ងរ។

នោមទាស់
ការទ្រាំយូរនៅពេលឈឺបត់ជើងតូច អាចធ្វើឲ្យសាច់ដុំប្លោកនោមចុះខ្សោយ ហើយការផ្លាស់ប្ដូរនេះអាចបណ្ដាលឲ្យនោមទាស់ ឬ នោមចេញមិនអស់ពីប្លោកនោម។ សាច់ដុំនៃប្លោកនោមនឹងលាតសន្ធឹងដើម្បីផ្ទុកការកើនឡើងនៃបរិមាណទឹកនោម ហើយរួមតូចវិញបន្ទាប់ពីបត់ជើងរួច ដែលវាអាចបង្កឲ្យសាច់ដុំផ្លោកនោមចុះខ្សោយបាន។

ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម
ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ឬ Urinary Tract Infection (UTI) គឺជាផលប៉ះពាល់សាមញ្ញមួយនៃការទ្រាំយូរ នៅពេលឈឺបត់ជើងតូច។ នៅពេលដែលទឹកនោមត្រូវបានទុកឲ្យស្ថិតក្នុងប្លោកនោមរយៈពេលយូរ វាអាចអភិវឌ្ឍកម្រិតនៃបាក់តេរីខ្ពស់ ដែលនាំឲ្យមានការឆ្លងមេរោគទៅលើផ្លូវបង្ហូរទឹកនោម ឬ ប្លោកនោម។ ជាងនេះទៅទៀត វាអាចនាំឲ្យឆ្លងមេរោគប្លោកនោម និងតម្រងនោមធ្ងន់ធ្ងរទៀតផង ហើយបង្កឲ្យមានអាការដូចជា ឈឺនៅពេលបត់ជើងតូច ពិបាកបត់ជើងតូច ក្ដៅខ្លួន ញាក់ និង ឈឺក្រពះ ជាដើម៕

Urinary-retention1

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ interesting-facts