ចែករំលែក

កំពង់ធំ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ព្រះសង្ឃ២អង្គ បានបើកឆាកប្រយុទ្ធគ្មានត្រាប្រណី បំភ្លេចធម៌អាមួយឡែក ដើម្បីយកចាញ់ឈ្នះ ទីបំផុតសមត្ថកិច្ចបានក្របួច ព្រះសង្ឃមួយអង្គដាក់ខ្មោះតាមច្បាប់ព្រហ្មទណ្ឌ រីឯមួយអង្គទៀតរបួសធ្ងន់ធ្ងរចំកណ្ដាលផ្ទៃមុខ ត្រូវបានសាច់ញាតិ ដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីព្រឹក នៅវត្តចំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក់ក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ការកាប់ចាក់គ្នានេះ បង្កឡើងដោយព្រះសង្ឃព្រះនាម រិន វុធទី ព្រះជន្ម ១៨ព្រះវស្សា គង់នៅវត្តចំណាក់ មានទីលំនៅៗភូមិក្រោមផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានយកកាំបិតព្រាកាប់ ទៅលើព្រះសង្ឃព្រះនាម ឌុច សុហេង ព្រះជន្ម១៧ ព្រះវស្សា គង់ក្នុងវត្តកើតហេតុដូចគ្នា មានទៅលំនៅៗភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលឲ្យរងរបួសជាទម្ងន់ ។

លោកវរសេនីយ៍ត្រី វ៉ន សុភ័ណ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានឲ្យដឹងថា ក្រោយពីកើតហេតុ លោកបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានករណីអំពើហិង្សាដោយចេតនា ដោយព្រះសង្ឃ២អង្គ មានទំនាស់ទាស់ទែងគ្នា រហូតឈានដល់ការកាប់ចាក់គ្នា ទើបមានការឯកភាពពីលោក យ៉ង សំ អធិការនគរបាលស្រុក ស្ទោង ឲ្យដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានឲ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់កងកម្លាំងសមត្ថកិច្ច នៃអធិការស្រុកស្ទោង បានធ្វើឲ្យបទល្មើសផ្សេងៗ និងសកម្មភាព ចោរលួច ចោរប្លន់ នៅក្នុងស្រុកស្ទោងមានការថយចុះ គួរឲ្យកត់សម្គាល់។ ប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច៕

ប្រភព៖ sensoknews