ចែករំលែក

ខេត្តកំពត៖ មន្ត្រីបរិស្ថាន និងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោ បានយកអំណាចសិទ្ធិរបស់ខ្លួនគាប់សង្កត់មន្ត្រីបរិស្ថានបំរើផលប្រយោជន៍ក្រុមហ៊ុន មករំលោភយកដីប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលអាស្រ័យផលជាក់ស្តែង នៅតំបន់វាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ប្រជាពលរដ្ឋម្នាក់ បានអះអាងថា ពួកគាត់បានអាស្រ័យផលនិង កាន់កាប់ដីនេះ តាំងពីឆ្នាំ១៩៨៧.និងឆ្នាំ១៩៩០មកម្លេះ មុនបង្កើតក្រុមហ៊ុនសុខាអូរតែលបូកគោនោះទៀតឯណោះ ។

ពលរដ្ឋបានបន្តថា ពួកគាត់មានដីនៅតំបន់នេះក្នុងម្នាក់ៗបន្តិចបន្តួច គ្រាន់អាស្រ័យផល ដាំដំណាំ ចេក ពោត ស្រូវ ទៀបបារាំង ស្វាយជាដើម គ្រាន់ ចិញ្ចឹមជីវិតតែប៉ុណ្ណោះ ក៏ប៉ុន្តែមន្ត្រីបរិស្ថាន និងសន្តិសុខរបស់ក្រុមហ៊ុន សុខាអូតែបូកគោ ដែលមានលោកឧកញ៉ា (សុខ គង់) ជាប្រធានក្រុមហ៊ុននោះ បានប្រើប្រាស់អំណាចរបស់ខ្លួន បញ្ជារ កម្លាំងសន្តិសុខនិងមន្ត្រីបរិស្ថានខេត្ត ដែលមានលោក ស៊ុយ ធា ជាប្រធានមន្ទីរបរិស្ថាន និងលោកអ៊ុក ចាន់ឌីណា ជាអនុប្រធានមន្ទីរ និងជានាយកឧទ្យាននុរក្សព្រះមុនីវង្ស ហាមឃាត់ប្រជាពលរដ្ឋជាង៥០គ្រួសារ មិនឲ្យដាំដំណាំលើដីរបស់ខ្លួនទាំងនោះឡើយ។ប្រជាពលរដ្ឋបានអះអាងថា ដីរបស់ពួកគាត់ឋិតនៅជើងភ្នំមិនមែន នៅលើកំពូលភ្នំដូចតំបន់ទឹកឈូនោះទេ។

ដោយសាររងនៅភាពអយុត្តិធម៌នេះហើយ ទើបប្រជាពលរដ្ឋបានស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត ជាមួយគ្នានេះដែរសាលាខេត្តក៏បានចេញ .ស .ជ .ណ .នៅថ្ងទី២៩ខែមេសាឆ្នាំ២០១៦ដែលបានចុះហត្ថលេខាដោយឯកឧត្តផ្ទាល់ ឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនិងសូរិយោដីចុះអនុវត្តន៍ធ្វើ ការវាស់វែងជូនប្រជាពលរដ្ឋដែលសេសសល់បន្ទាប់ពី០០១ដែលជាគោលនយោលបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ប៉ុន្តែផ្ទុយទៅវិញ រហូតមកដល់ពេលនេះហើយ គ្មានមន្ត្រីណាយកចិត្តទុកដាក់អនុវត្តន៍តាម ស ជ ណ របស់សាលាខេត្តនោះឡើយ។

ម្យ៉ាងទៀត ការអនុវត្តរបស់មន្ត្រីជំនាញនិងមន្ត្រីបរិស្ថានទាំងនោះ បានត្រឹមតែ ធ្វើការដោះដូរដីចំនួន៥៩ហិកតា ដែលកាន់កាប់ដោយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ លើក្បាលដីចំនួន២៦ក្បាលដី ឋិតនៅទីតាំងវាយកូនហ្គោ របស់ក្រុមហ៊ុនសុខាអូរតែលបូកគោ ដែលស្ថិតក្នុង ភូមិព្រែកចេកនិងភូមិគីឡលូ១២ ឃុំកោះតូច ស្រុកទឹកឈូ យកមកត្រួតលើដីរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែង នៅតំបន់វាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូកស្រុកទឹកឈូ ខេត្តកំពតនេះទៅវិញ។

ខណៈពេលនេះដែរប្រជាពលរដ្ឋបានមានប្រសាសថា កាលពីឆ្នាំ២០១៣ មន្ទីរបរិស្ថាន បានហាមឃាត់ប្រជាពលរដ្ឋនិងគំរាមតាមអំណាចតុលាកា មិនឲ្យប្រជាពលរដ្ឋអាស្រ័យផលលើដីទាំងនេះទេ ហើយយកលេសថា ជាដីព្រៃរបស់រដ្ឋឋិតក្នុង តំបន់ឧទ្យាជាតិ។ ពលរដ្ឋបានលើកឡើងថា ក្រុមមន្ត្រីបរិស្ថានទាំងនោះអនុវត្តច្បាប់លំអៀង រៀបចំជាប្រព័ទ្ធប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលនៅតំបន់វាលពួច។ ចំពោះដីផ្សេងទៀត នៅលើជួរដងភ្នំជាប់ផ្លូវឡើងលើភ្នំកំចាយ តំបន់ទឹកឈូនោះវិញ បែជាបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋ អ្នកមានលុយមានអំណាចមួយចំនួន កាប់ព្រៃភ្នំទន្រានដាំដំណាំ ចេក ខ្នុល ស្វាយ ពោត ធូរេន ដល់លើជិតកំពូលភ្នំទៅហើយ មិនដែលឃើញមានមន្ត្រីបរិស្ថាននិងសន្តិសុខក្រុមហ៊ុនសុខាអូរតែលបូកគោ ទាំងនោះហាមឃាត់ម្តងណាឡើយ។

ពលរដ្ឋបានបន្តថា ចំពោះដីដែលមន្ត្រីបរិស្ថាន និងក្រុមហ៊ុនដកហូតពីពួកគាត់ដាក់ចូលក្នុងឧទ្យានជាតិធ្វើជាសម្បត្តិរដ្ឋនោះ ពួកគាត់មិនជំទាស់ទេ ក៏ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុននិងមន្ត្រីបរិស្ថានទាំងនោះ បែជាយកដីរបស់ពួកគាត់ដោះដូរទៅឲ្រប្រជាពលរដ្ឋដូចគ្នា ធ្វើឲ្យពលរដ្ឋម្ខាំងសប្បាយចិត្ត និងពលរដ្ឋម្ខាំងទៀតកើតទុក្ខទឹកភ្នែកហើយបាត់បង់ដីខ្លួនទៀត តើគោលនយោបាលដោះស្រាយដីឲ្យប្រជាពលរដ្ឋនៅត្រង់ណា បើមន្ត្រីទាំងនោះគ្មានឆន្ទះក្នុងការដោះស្រាយ ហើយបែជាមកជិះជាន់ប្រជាពលរដ្ឋនិងពលរដ្ឋទៅវិញ។

ចំពោះការផ្លាស់ប្តូទីតាំងដីរបស់ប្រជាពលរដ្ឋ ពីឃុំកោះតូច មកឃុំបឹងទូកនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ដីអាស្រ័យផលជាក់ស្តែង នៅតំបន់វាលពួចទាំងអស់ កើតទុក្ខ មិនសុខចិត្ត នឹងលើកគ្នាតវ៉ា សូមសុំណូពរ អំពាវនាវដល់ ស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ឲ្យជួយអន្តរាគមន៍យើងខ្ញុំជាប្រជាពលរដ្ឋជាង៥០គ្រួសារនេះផង។

ក្នុងការចោទប្រកាន់នេះដែរ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថាត បានមានប្រសាសន៍ប្រាបអ្នកសារព័ត៍មានVD7NEWS ថា រូបគាត់ធ្វើដើម្បីផលប្រយោជន៍ឲ្យប្រជាពលរដ្ឋទាំងអស់ បើពួកគាត់មានដីមានដំណាំជាក់ស្តែងនោះគាត់នឹងផ្តល់កម្មសិទ្ធជួនពួកគាត់។ ប្រជាពលរដ្ឋលើកឡើងតបវិញថា ចំពោះការលើកឡើងរបស់ប្រធានមន្ទីរនោះគឺយករួចខ្លួនមិនតែប៉ុណ្ណោះ ត្រង់ចំណុចដែលមន្ត្រីរបស់ខ្លួនកន្លងមក បានកាប់បំផ្លាញដំណាំរបស់ពួកគាត់និងហាមឃាត់មិនឲ្យគាត់អាស្រ័យផលនោះគាត់មិនលើកឡើងទេ។
តែទោះជាប្រធានមន្ទីរនិងមន្ត្រីទាំងនោះបកស្រាយយ៉ាងណាក៏ប្រជាពលរដ្ឋមិនទទួលយកដែរ ព្រោះវាយផ្ទុយពីការពិត៕

លោកតាម្ចាស់ដី

ប្រភព៖ vd7news