ចែករំលែក

ភ្នំពេញ: ចម្រៀងមរតកដើមបទ «ផ្កាយព្រឹក» ដែលត្រូវបានយកមកច្រៀងឡើងវិញដោយតារាចម្រៀង លោក ម៉ៃ សុគន្ធ ថ្មីៗនេះបានរងនូវមតិរិះគន់យ៉ាងចាស់ដៃ ក្រោយពីបានរំលេចចេញនូវវីដេអូចម្រៀងរយៈពេលប្រមាណ ២ នាទីបង្ហាញកាយវិការតារាស្រីសាច់សខ្ចីរាងខ្ពស់ស្រឡះនាង អ៊ុន អាលីហ្សា ជម្រុះខោអាវចុះត្រាំក្នុងអាងទឹកបិទបាំងរាងកាយក្នុងពពុះសាប៊ូសក្បុស ខណៈតួអង្គប្រុសស្រាតខោក្នុងអាក្រាតកាយងូតទឹកតម្រងផ្កាឈូក ទោះរូបភាពកំណាត់ក្រោមបិទបាំងព្រិលៗក៏នៅឃើញកំប៉េះគូទយ៉ាងច្បាស់ក្រឡែត ហាក់ប្រាសចាកក្រមសីលធម៌ប្រពៃណីខ្មែរ។

រូបភាពស្ទើរអាក្រាត សម្បូរទៅដោយឈុតឆាកជម្រុះសម្លៀកបំពាក់ និងកាយវិការងូតទឹក ត្រូវបានមតិរិះគន់ជាច្រើនលើកឡើងយ៉ាងស្របគ្នាជាការជាន់ពន្លិចវប្បធម៌ខ្មែរ ហើយប្រាសចាកនូវអត្ថន័យខ្លឹមសារបទចម្រៀង «ផ្កាយព្រឹក» មរតកដើមសំនៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។

ក្រៅពីសម្ដីលើកឡើងព្រមគ្នាថា ការសម្ដែងនោះ «លើសហើយ» ពិសេសគឺឈុតឆាកតារាប្រុសអាក្រាតកាយនោះតែម្ដង មតិរិះគន់ក៏បានទាញការសន្និដ្ឋានថា បទចម្រៀងច្រៀងឡើងវិញដោយលោក ម៉ៃ សុគន្ធ មិនត្រឹមតែរងការរិះគន់លើវីដេអូចម្រៀងពោរពេញទៅដោយ កាយវិការបែបស្រើបស្រាលនោះទេ ថែមទាំងប្រឈមបម្រាមពីក្រសួងវប្បធម៌ជុំវិញការយកបទចម្រៀងដើមមកច្រៀងឡើងវិញ រំលងច្បាប់កម្មសិទ្ធិបញ្ញាផងដែរ។

ក្នុងចំណោមការរិះគន់ទាំងនោះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានលើកឡើងថា៖ «ផ្កាយព្រឹកស្ថិតនៅលើមេឃដ៏សែនឆ្ងាយដែលនឹងគ្មានថ្ងៃធ្លាក់មកឋានកណ្ដាល។ ចំណែកន័យនៃបទចម្រៀងផ្កាយព្រឹក របស់លោកតា ស៊ិន ស៊ីសាមុត ចង់បង្ហាញពីក្ដីស្រឡាញ់បុរសម្នាក់ទៅលើនារីម្នាក់យ៉ាងខ្លាំង។

បុរសនោះច្រៀងផ្ដោះផ្ដងលួងលោមថ្នមបំពេក្រែងនារីម្នាក់នោះយល់ចិត្ត។ តែបែរមកមើល MV ប្រាសចាកពីអត្ថន័យ បែរទៅថតវីដេអូបែបសិចទៅវិញ ដើម្បីជាធ្នាក់ទាក់ចិត្តយុវវ័យ ព្រោះតែភាពចង់ល្បីល្បាញ អ្វីដែលអ្នកធ្វើមិនមែនជួយជំរុញ តែបែរបំផ្លាញទៅវិញ»។

ឆ្លើយតបនឹងមតិរិះគន់ស្រោចស្រពពេញបណ្ដាញសង្គមមកលើរូបលោក តារាចម្រៀងល្បីមធ្យមលោក ម៉ៃ សុគន្ធ ម្សិលមិញ បានចេញមុខបកស្រាយថា វីដេអូចម្រៀងបទ ផ្កាយព្រឹក នេះគ្រាន់តែជា ការចេញផ្សាយសាកល្បងខ្លី ប៉ុណ្ណោះ និងអំពាវនាវឲ្យមហាជនចុច Like ទំព័រហ្វេសប៊ុករបស់លោកផងដែរ ដើម្បីរង់ចាំមើល វីដេអូចម្រៀងបទនេះពេញជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខ។

ក្នុងសាររសៀលថ្ងៃចន្ទ ម្សិលមិញនេះ តារាចម្រៀង ម៉ៃ សុគន្ធ បានលើកឡើងថា៖ «ដោយមានការរិះគន់ ខ្ញុំសូមបកស្រាយនៅក្នុងសាច់រឿងបទ ផ្កាយព្រឹក។ សូមអ្នកទាំងអស់គ្នាកុំទាន់វិនិច្ឆ័យនៅក្នុងបទនោះអី ព្រោះនេះគ្រាន់តែជា [MV TEASER] ប៉ុណ្ណោះ សូមរង់ចាំមើល [Full MV] នៅប៉ុន្មានពេលថ្ងៃខាងមុខទៀតនេះសិន»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍