ចែករំលែក

ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានលើកឡើងថា ខ្លួននឹងឡើងសង្វៀនប្រកួតទៀត មិនទាន់ចូលនិវត្តន៍ទេ និងចង់សងសឹកយកឈ្នះអតីតកំពូលអ្នកប្រដាល់អាមេរិក Floyd Mayweather វិញឲ្យបាន ដើម្បីប៉ូវសងអ្នកគាំទ្ររបស់ខ្លួន បើសិនជាមានឱកាស។

Pacquiao បានវ៉ៃឈ្នះពិន្ទុ អ្នកប្រដាល់វ័យក្មេងអាមេរិក Jessie Vargas កាលពីម្សិលមិញ និងបានគ្រងខ្សែក្រវាត់ពិភពលោកលើកទី១១ ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីត្រឡប់ពីការចូលនិវត្តន៍ កាលខែមេសា ឆ្នាំ២០១៦។ អ្នកប្រដាល់វ័យ ៣៧ឆ្នាំរូបនេះ ធ្លាប់វ៉ៃចាញ់ពិន្ទុ Floyd កាលខែឧសភា ឆ្នាំ២០១៥ ខណៈដែលពេលនោះ មានសេចក្ដីរាយការណ៍ខ្លះថា កំពូលអ្នកប្រដាល់អាស៊ីរូបនេះ ឡើងសង្វៀនប្រដាល់ទាំងមានបញ្ហារបួសស្មា ដែលធ្វើឲ្យអ្នកគាំទ្ររបស់គេជាច្រើន មិនអស់ចិត្តចំពោះការបរាជ័យនោះទេ។

Pacquiao បាននិយាយក្រោយចប់ការប្រកួតម្សិលមិញថា៖ “យើងមិនទាន់ពិភាក្សាគ្នាពីការប្រកួតលើកទី២នៅឡើយទេ ប៉ុន្តែខ្ញុំដឹងច្បាស់ថា ខ្ញុំនឹងឡើងសង្វៀនម្ដងទៀត។ បើអ្នកគាំទ្រត្រូវការ ហេតុអ្វីខ្ញុំមិនអាច..”។ ចំពោះសំនួរឡើងវ៉ៃជាមួយ Floyd ម្ដងទៀត Pac Man បានបញ្ជាក់ថា៖ “បើយើងឡើងវ៉ៃម្ដងទៀត ខ្ញុំនឹងខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីយកឈ្នះវិញ ជូនអ្នកគាំទ្រ។ ពួកគេនឹងមិនខកចិត្តម្ដងទៀតទេ បើការប្រកួតកើតឡើងមែន។ ខ្ញុំសន្យាថា អ្នកគាំទ្រទាំងអស់ប្រាកដជាពេញចិត្ត”។

Floyd វ័យ៣៩ឆ្នាំ បានប្រកាសខ្លួនចូលនិវត្តន៍ កាលខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីវ៉ៃឈ្នះពិន្ទុលើ Andre Berto ក្នុងប្រកួតចុងក្រោយរបស់គេ ដែលវ៉ៃសរុប៤៩ដង ឈ្នះទាំង៤៩ដង។ ទោះជាយ៉ាងណា កំពូលអ្នកប្រដាល់អាមេរិករូបនេះ អាចនឹងឡើងសង្វៀនជាថ្មី វ៉ៃជាមួយ Pacquiao ម្ដងទៀត នៅឆ្នាំក្រោយ ដើម្បីបង្គ្រប់ប្រកួតទី៥០របស់គេ៕

ប្រភព៖ sabay