ចែករំលែក

កាលពីពេលថ្មីៗនេះ នៅភាគខាងជើងប្រទេសចិន មានរឿងភ្ញាក់ផ្អើលមួយបានឡើង បន្ទាប់ពីបានដឹងអាថ៌កំបាំងនឹកស្មានមិនដល់មួយរបស់បុរសម្នាក់ដែលបានព្យាយាមលាក់បាំង រយៈពេល ២៨ ឆ្នាំមកហើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះ កៅ ចៀងយ៉ុង (Gao Chengyong) អាយុ ៥២ ឆ្នាំ ហើយគាត់ត្រូវបានចាប់ខ្លួនដោយក្រុមប៉ូលិសនៅចំណុចតូបលក់ទំនិញគ្រប់មុខមួយកន្លែងដែលបើករកស៊ីជាមួយប្រពន្ធនៅទីក្រុង បៃយី ( Baiyin ) ភាគខាងជើងខេត្តកានស៊ូ ( Gansu ) ប្រទេសចិន ។

តាមប្រភពបានឲ្យដឹងទៀតថា អាថ៌កំបាំងរបស់បុរសចំណាស់ កៅ ចៀងយ៉ុង គឺនៅក្នុងចន្លោះឆ្នាំ ១៩៨៨ និង ២០០២ គាត់បានរំលោភរួចសម្លាប់ទៅលើនារីចំនួន ១១ នាក់ ហើយជនរងគ្រោះដែលមានវ័យក្មេងបំផុត គឺអាយុត្រឹម ៨ ឆ្នាំប៉ុណ្ណោះ ។

គេចាំបានថា កៅ ចៀងយ៉ុង បានប្រព្រឹត្តបទល្មើសលើក្រុមនារីដែលស្លៀករ៉ូបក្រហមមួយក្រុម ដោយក្នុងពេលនោះរូបគេបានតាមនារីទាំងនោះដល់ផ្ទះ ហើយបានរំលោភ និង សម្លាប់ចោលទាំងអស់ ។ កៅ ចៀងយ៉ុង តែងតែប្រើវិធីសម្លាប់មនុស្សដូចជាកាត់បំពង់ក និង កាត់អវៈយវៈផ្សេងៗនៃរាងកាយរបស់ជនរងគ្រោះដូចជាបំពង់ក និង ប្រដាប់ភេទជាដើម ។

កាលកំណើតកូនប្រុសដំបូងរបស់បុរសដៃឆៅ កៅ ចៀងយ៉ុង ក្នុងឆ្នាំ ១៩៨៨ គឺជាថ្ងៃប្រព្រឹត្តអំពើឃាតកម្មដំបូងរបស់គាត់ ដោយពេលនោះគាត់បានចាក់សម្លាប់នារីវ័យ ២៣ ឆ្នាំម្នាក់ចំនួន ២៦ កាំបិត និង បានកាត់បំពង់កនារីរងគ្រោះម្នាក់នោះបោះចោលមកខាងក្រៅផ្ទះរបស់នាងថែមទៀតផង ហើយការសម្លាប់នោះដែរ កៅ ចៀងយ៉ុង បាននិយាយថា ដោយសារនារីម្នាក់នោះដឹងពីផែនការប្លន់របស់គេ ។

សារព័ត៌មាន The New York Times បានរាយការណ៍ឲ្យដឹងថា បច្ចុប្បន្ននេះ សូម្បីតែកូនប្រុសទីមួយរបស់ កៅ ចៀងយ៉ុង ក៏មិនដែលបានឃើញមុខឪពុករបស់គេច្បាស់ដែរ ដោយចាប់តាំងពីគេកើតមក គឺបានជួបមុខឪពុកតែម្ដងគត់ ប៉ុន្តែក្រោយមកគេបានដំណឹងថា ឪពុករបស់គេបានស្លាប់បាត់ហើយ ហើយគេក៏មិននឹកស្មានដែរថា ឪពុករបស់គេម្នាក់នេះហ៊ានប្រព្រឹត្តអំពើកាចសាហាវដូចនេះឡើយ ។

តាមសម្ដីអ្នកជិតខាងម្នាក់របស់ កៅ ចៀងយ៉ុង បានឲ្យដឹងថា ពេលដែលដឹងអាថ៌កំបាំងរបស់ កៅ ចៀងយ៉ុង ដូចនេះភ្លាម ពួកគាត់មានអារម្មណ៍រន្ធត់ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគេស្គាល់ថា កៅ ចៀងយ៉ុង គឺជាមនុស្សម្នាក់ស្មោះត្រង់ ស្លូតបូត តែចូលចិត្តលេងសើចច្រើន និង ជាមនុស្សម្នាក់ដែលស្រឡាញ់សត្វសុនខ និង ចូលចិត្តរាំទៀតផង ដោយមិននឹកស្មានថា កៅ ចៀងយ៉ុង អាចលាក់បាំងអាថ៌កំបាំងដ៏សាហាវព្រៃផ្សៃបានយូរយ៉ាងនេះឡើយ ។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់ប៉ូលិសបានឲ្យដឹងថា បច្ចុប្បន្ន កៅ ចៀងយ៉ុង មានអាយុ ៥២ គឺជាអ្នកធ្វើការនៅសាលាវិជ្ជាជីវៈក្នុងស្រុកមួយកន្លែង ហើយគាត់មានកូន ២ នាក់ ៕

( ប្រភព ៖ សៀងហៃអ៊ីស ) កុសល
ប្រភព៖ pmhotnews