ចែករំលែក

ផ្សិតជាបន្លែមួយប្រភេទ ដែលមានគុណប្រយោជន៍ដល់សុខភាព ជាពិសេសសម្រាប់អ្នកតមសាច់ ដោយវាមានសារធាតុល្ជាច្រើនជួយដល់រាងកាយ និងការពារពីជំងឺមួយចំនួនបានទៀតផង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ធំៗ៣យ៉ាង សម្រាប់អ្នកទាំងឡាយណាដែលចូលចិត្តញ៉ាំផ្សិត៖
ញាំុផ្សិតជួយសម្រកទម្ងន់ ការពារជំងឺទឹកនោមផ្អែម និងមហារីក

១. ការពារប្រព័ន្ធស៊ាំ និងជួយសម្រកទម្ងន់

ផ្សិតជាប្រភពនៃជាតិវីតាមីន D D2 និងD3 ដែលជួយឲ្យរាងកាយស្រូបយកជាតិរ៉ែខនិជដទៃបានល្អ ដូចជាកាល់ស្យូម និងហ្វូស្វ័រជាដើម និងធ្វើឲ្យប្រព័ន្ធស៊ាំខ្លាំងធន់នឹងជំងឺ ។ មិនតែប៉ុណ្ណោះ វាជួយសម្រកទម្ងន់ សម្រាប់អ្នកចង់បានរាង ស្អាត ។ ដោយយោងតាមការសិក្សាលើមនុស្សដែលចូលចិត្តទទួលទានផ្សិតក្នុងរបបអាហារប្រចាំថ្ងៃ ត្រឹមរយៈពេលនៃការពិសោធដំបូងប៉ុណ្ណោះ ពួកគេស្រកអស់៣,៦ ភាគរយនៃទម្ងន់ខ្លួន។

២. ប្រឆាំងនឹងជំងឺមហារីក

ដូចទៅនឹងប្រភេទបន្លែពិសេសមួយចំនួនដែរ ផ្សិតជួយរាងកាយប្រឆាំងនឹងជំងឺមហារីក និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ប៉ុន្តែ វាមានជាតិ Seleniumម្យ៉ាងដែលកម្រមានក្នុងបន្លែ ដទៃទៀត ដោយជាតិ Selenium ជំនួយដល់អង់ស៊ីម ជួយបន្សាបជាតិពុលអាក្រក់ពីរាងកាយ និងបង្ការពីជំងឺមហារីកបាន។

៣. បង្ការពីជំងឺទឹកនោមផ្អែមប្រភេទ ១ និង ២

យោងតាមការសិក្សាទៅលើអាហារសំបូរជាតិសរសៃ (Fiber) ដែលជួយការពារពីជំងឺទឹកនោមផ្អែមប្រភេទ១ និង២ គឺផ្សិតស្ថិតក្នុងចំណោមប្រភេទ អាហារមានប្រយោជន៍នោះដែរ។ ផ្សិតសំបូរជាតិសរសៃ(Fiber) ដែលអាចរក្សាកម្រិតគ្លុយកូស និងលីពីត ក្នុងឈាមមិនឲ្យឡើងខ្លាំង ដែលនេះវាបង្ការពីជំងឺទឹកផ្អែមប្រភេទខាងលើ ។ ការបន្ថែមផ្សិតក្នុងរបបអាហារប្រចាំថ្ងៃ ២ទៅ៣ក្រាម អាចជួយផ្ដល់ជាតិសរសៃ និងទ្រទ្រង់សុខភាពបានប្រសើរ៕

ចម្លងចេញពី៖ baykdang
ប្រភព៖ អង្គរប៊េស