ចែករំលែក

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង៣និង៣៥នាទីល្ងាចថ្ងៃទី០៩ វិច្ឆិកា ២០១៦ នៅចំណុចផ្ទះជ្រកក្រោមអាជីវកម្មខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ មានហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលឡើងដោយសារតែលោកប្ដី ផឹកស្រាស្រវឹងជោគ ប្រច័ណ្ធប្រពន្ធជាមួយភ្ញៀវច្រៀងខារ៉ាអូខេ វាយធ្វើបាបប្រពន្ធ ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាបញ្ឈប់ជាលើកចុងក្រោយ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

យោងតាមលោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងមុននេះថា ករណីហឹង្សាក្នុងគ្រួសារខាងលើនេះ បណ្តាលមកពីបុរសជាប្តីឈ្មោះ គង់ សុផល អាយុ ៣៣ឆ្នាំ (ជាកម្មករសំណង់) បានផឹកស្រាស្រវឹងជោគជាំ ហើយប្រច័ណ្ធប្រពន្ធឈ្មោះ ប៉ុល សំអុន ដែលមកច្រៀងខារ៉ាអូខេជាមួយភ្ញៀវ នៅផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ រួចក៏វាយធ្វើបាបប្រពន្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកអធិការនគរបាលក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ នៅថ្ងៃខែកើតហេតុខាងលើ។
ក្រោយពេលឃាត់ខ្លួន ជនដៃដល់ជាប្តីបានសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធពិតប្រាកដមែន ព្រមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់ចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា ករណីហឹង្សាក្នុងគ្រួសារ មិនមែនកើតឡើងជាលើកទី១នោះទេ ឬក៏លើកទី២នោះដែរ គឺកើតមានជាច្រើនលើកមកហើយ ដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹង ហើយស្ត្រីដែលជាជនរងគ្រោះ តែងតែសុំអន្តរាគមន៍ភ្លាមៗ ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនដៃដល់ជាប្តីមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់៕

ប្រភព៖ vd7news

មតិយោបល់

comments