ចែករំលែក

លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី ៤៥ ដោយបានយកឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតថ្ងៃទី ៨វិច្ឆិកា។ ជាបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ គឺជាមហាសេដ្ឋីដ៏កំពូលម្នាក់របស់អាមេរិក ជាអ្នកជំនួញធំ ក្នុងវិស័យអចលនទ្រព្យ មុននឹងចូលប្រលូកនយោបាយ។

កើតនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ១៩៤៦ នៅក្រុងញូវយ៉ក ក្នុងសង្កាត់ដែលកាលសម័យនោះមានតែជនជាតិស្បែកសរស់នៅ។ ដល់អាយុចូលសាលា លោក ដូណាល់ ត្រាំ ទៅបានឪពុកម្តាយបញ្ជូនទៅរៀននៅក្នុងសាលាយោធា ដើម្បីបំពត់អត្តចរិករប៉ិលរប៉ូច ចាប់មិនឈ្នះ។

លោកជាកូនទី៥ក្នុងត្រកូលអ្នកជំនួញ និងជាគ្រួសារអន្តោប្រវេសន៍ ដោយមានឪពុកជាជនជាតិអាល្លឺម៉ង់ ធ្វើដំណើរផ្សងព្រេងតាមកប៉ាល់មកអាមេរិក និងម្តាយជាជនជាតិអេកូស។ ត្រកូល ត្រាំ ជាគ្រួសារគំរូរបស់អាមេរិក តំណាងជោគជ័យ ប្រឹងប្រែងរកស៊ីខ្លាំង និងបានចូលរួមចំណែកអភិវឌ្ឍន៍ សង្កាត់ Jamaica Estates ដោយសាងសង់ផ្ទះយ៉ាងច្រើន។

ក្រោយបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅសកលវិទ្យាល័យ Pennsylvanie លោក ដូណាល់ ត្រាំ បានចូលធ្វើការក្នុងក្រុមហ៊ុនរបស់ឪពុកនៅឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៧១ លោក ដូណាល់ត្រាំ បានទទួលជំនួយពីឪពុក ចំនួន១លានដុល្លារ ដើម្បីផ្សងព្រេងក្នុងវិស័យអចលនទ្រព្យ និងគ្រប់គ្រងក្រុមហ៊ុនរបស់គ្រួសារបន្ត។ ប៉ុន្តែខុសឪពុក ដែលសង់ផ្ទះសម្រាប់គ្រួសារឋានៈមធ្យម ថ្នាក់កណ្តាល លោក ដូណាល់ ត្រាំ ជ្រើសរើសភាពទំនើបនិងប្រណិតៗ អាគារខ្ពស់ៗ កាស៊ីណូ សណ្ឋាគារ … នៅសង្កាត់ម៉ាណាតាន់ កណ្តាលទីក្រុងញូវយ៉ក ក្នុងពេលដែលតម្លៃនៅថោកនៅឡើយ។ ជំនួញរបស់លោក បានផ្តល់ផ្លែផ្កានិងជោគជ័យខ្លាំង ! នៅឆ្នាំ១៩៨០ លោកបានក្លាយជាអ្នកជំនួញ ដែលមានជោគជ័យបំផុត និងក្លាយជាមហាសេដ្ឋី មានប្រាក់ដល់ទៅវាល់ពាន់លានដុល្លារ។

នៅឆ្នាំ១៩៩០ ជីវិតឯកជនរបស់បានផ្ទុះឡើងយ៉ាងផុសផុលក្នុងទំព័រមុខរបស់សារព័ត៌មាន អាមេរិក។ ការលែងលះលើកដំបូងរបស់លោក បានចំណាយប្រាក់អស់រាប់លាន។ លោក ដូណាល់ ត្រាំ ឆ្លងកាត់ការខាតបង់ ដល់ទៅបួនដងតែអាចស្ទុះងើបឡើងវិញ រហូតឈ្មោះលោកបានក្លាយ ម៉ាក ៖ ម៉ាកផលិតផលប្រណិត ម៉ាកស្រា vodka ម៉ាកសាច់គោ Steaks Trump។ ភាពល្បីល្បាញរបស់លោកបានរីកកាន់ធំ ដោយលោកធ្លាប់ធ្វើជាពិធីករទូរទស្សន៍ ជាតារាដ៏ល្បីល្បាញ ក្នុងកម្មវិធី The Apprentice ដែលមានអ្នកតាមដានទស្សនាដល់ទៅជាង៥០លាននាក់។

លោកបានចូលប្រលូកក្នុងជីវិតនយោបាយនៅឆ្នាំ១៩៨០ ក្នុងនាមជាអ្នកប្រជាធិបតេយ្យ បន្ទាប់មកបានផ្តាច់ខ្លួនមកចូលបក្សសាធារណរដ្ឋនៅឆ្នាំ១៩៨៧ ហើយត្រលប់ចូលទៅបក្សប្រជាធិបតេយ្យវិញ នៅសម័យលោក ចច ប៊ូសជាប្រធានាធិបតី ព្រមទាំងបានសម្តែងការគាំទ្រលោកស្រីគ្លីនតុន នៅឆ្នាំ២០០៨ផង។

លោកបានសាកល្បងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ម្តងជាពីរដង (១៩៨៨-២០០០)មិនបានសម្រេច ទើបនៅឆ្នាំ២០១២ លោកបានវិលមកកាន់បក្សសាធារណរដ្ឋ ជាមួយនឹងការគាំទ្រ លោក មីតរ៉ូមនី និងបានក្លាយជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ដោយគ្មាននរណាគិតដល់ នៅឆ្នាំ២០១៥។ នៅថ្ងៃទី៨ វិច្ឆិកា ២០១៦ លោក បានបង្កការភ្ញាក់ផ្អើល ដោយបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកទី៤៥៕

ប្រភព៖ rfi

មតិយោបល់

comments